Click here if you can't read the Khmer text

សេចក្ដី​ប្រកាស​ព័ត៌មាន - ថ្ងៃទី២២ ខែមករា ឆ្នាំ២០០៨

 
សេចក្ដី​ប្រកាស​ព័ត៌មាន
ពិធី​ផ្សព្វផ្សាយ​សៀវភៅ​សិក្សា​កុំព្យូទ័រ​ជា​ភាសា​ខ្មែរ និង​ការ​ប្រើប្រាស់​សាកល្បង​កុំព្យូទ័រ​តម្លៃ​ទាប
ក្នុង​ក្របខណ្ឌ​អភិវឌ្ឍ​ផែនការ​មេ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​វិស័យ​អប់រំ

នាថ្ងៃទី២២ ខែមករា ឆ្នាំ២០០៨ នៅវិទ្យាស្ថានជាតិអប់រំ ក្រសួង​អប់រំ យុវជន និង​កីឡា​ បានប្រារព្ធ​ពិធី​ផ្សព្វផ្សាយ​​សៀវភៅ​សិក្សា​កុំព្យូទ័រ​ជា​ភាសា​ខ្មែរ ដែល​នឹងត្រូវដាក់អោយប្រើ​ជាផ្លូវការ ​សម្រាប់​គ្រឹះស្ថាន​សិក្សា​​​​នៅ​ក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា។ សៀវភៅ​នេះ​បានបង្ហាញពីការអភិវឌ្ឍន៍ថ្មីមួយ លើប្រព័ន្ធព័ត៌មានវិទ្យាអប់រំ តាមរយៈការ​ប្ដូរ​​​ទៅ​ប្រើ​កម្មវិធី​កុំព្យូទ័រ​ភាសា​ខ្មែរ​នៅគ្រប់​គ្រឹះស្ថាន​សិក្សាទាំងអស់ ជំនួសអោយ​កម្មវិធី​បង្រៀនកុំព្យូទ័រ​ជា​ភាសា​អង់គ្លេស ឬ​ភាសា​បារាំង​ដែលធ្លាប់មានពីមុន។
សៀវភៅ​សិក្សា​កុំព្យូទ័រ​ជា​ភាសា​ខ្មែរ​នេះ គឺ​ជា​​សៀវភៅ​សិក្សាកុំព្យូទ័រ​គោល​​ សម្រាប់​ប្រើ​ប្រាស់​​​តាម​សាលា​រៀន គ្រឹះស្ថាន​បណ្ដុះបណ្ដាល​ទាំងអស់ និង​កិច្ចការ​រដ្ឋបាល​របស់​ក្រសួង​អប់រំ យុវជន និងកីឡា។ កម្មវិធីកុំព្យូទ័រ​ភាសា​ខ្មែរ​ ដែលកំពុង​ត្រូវ​បាន​ដាក់អោយប្រើ គឺ​ជា​កម្មវិធី​ប្រភព​កូដ​ចំហ និង​ឥតគិត​ថ្លៃ ​មាន​កម្មវិធី​វាយ​អត្ថបទ សៀវភៅ​បញ្ជី អ៊ីនធឺណិត អ៊ីមែល និង​កម្មវិធី​ផ្សេងៗ​ទៀត។ មន្រ្ដីអប់រំថ្នាក់កណ្ដាល ​គ្រូ​ឧទ្ទេសសាលាគរុកោសល្យ ព្រម​ទាំងគ្រូ​បង្រៀន​ដែល​មក​ពី​គ្រប់​វិទ្យាល័យ​ទាំងអស់​ដែល​មាន​កុំព្យូទ័រ ​បានទទួលការ​បណ្ដុះបណ្ដាល​ ដើម្បី​​ប្រើប្រាស់ និងបង្រៀន​កម្មវិធី​កុំព្យូទ័រ​​ភាសាខ្មែរ។

ទន្ទឹមគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានដាក់អោយ​ប្រើប្រាស់ប​ន្ទប់ពិសោធន៍​ស្រាវជ្រាវ​​កុំព្យូទ័រ​តម្លៃ​ទាបសម្រាប់វិស័យអប់រំ ដែលការប្រើ​ប្រាស់​កុំព្យូទ័រ​សាកល្បង បាន​បង្ហាញ​អោយឃើញការប្រើ​ថាមពល​​អគ្គិសនី​ពី ១០% ទៅ ២០% ប៉ុណ្ណោះ​បើប្រៀបធៀប​ទៅ​នឹង​​កុំព្យូទ័រ​ធម្មតា​ ប៉ុន្ដែលទ្ធភាពវិភាគ មានសមត្ថភាពដូចគ្នា។

បន្ទប់​ពិសោធន៍​ក៏​បាន​ចាប់ផ្ដើម​ផលិត​ធុង​កុំព្យូទ័រ​ជា​គំរូ​ដំបូងផងដែរ ដែល​បានរៀបចំ​ជា​ពិសេស​​សម្រាប់​លក្ខខណ្ឌ​​ដែល​កុំព្យូទ័រ​ត្រូវប្រើប្រាស់​នៅ​តាម​សាលារៀន (អគ្គិសនី ធូលី និង​សុវត្ថិភាព ។ល។)។ កុំព្យូទ័រ​សម្រាប់​បន្ទប់​នេះ​​ត្រូវ​បាន​ឧបត្ថម្ភ​ដោយសាជីវកម្ម Intel ។

សៀវភៅ​សិក្សា​កុំព្យូទ័រ​ជា​ភាសា​ខ្មែរ ត្រូវ​បានបោះពុម្ព​ដោយ​មាន​ការ​ឧបត្ថម្ភ​ពី​សហប្រតិបត្តិការ​​អេស្ប៉ាញ InWEnt UNESCO និង VVOB។ ការ​ប្រើប្រាស់​សាកល្បង​កុំព្យូទ័រ​តម្លៃ​ទាប​សម្រាប់​វិស័យ​អប់រំ ត្រូវបាន​អនុវត្ត​ក្រោម​ជំនួយ​របស់​សហប្រតិបត្តិការ​​អេស្ប៉ាញ និង​ម្ចាស់​ដៃគូអភិវឌ្ឍន៍ផ្សេងៗ​ទៀត។

ភ្នំពេញ ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០០៨