កិច្ចប្រជុំពិគ្រោះយោបល់ស្ដីពី "ការចូលរួមអនុវត្តផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើ ហិង្សាលើស្ត្រី" ត្រូវបានរៀបចំឡើងកាលពីព្រឹកថ្ងៃ ពុធ ទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១០ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយក្រសួងកិច្ចការនារី និងអង្គការវិទ្យាស្ថានបើកទូលាយ ព្រមទាំងអង្គការសហការចំនួន១០ទៀត។ កិច្ចប្រជុំពិគ្រោះយោបល់នេះធ្វើឡើង ក្នុងគោលបំណងដើម្បី ពិភាក្សាឆ្លុះបញ្ចាំងអំពីអំពើហិង្សាលើស្ត្រី បង្ហាញនូវទំនាក់ទំនងរវាងអំពើហិង្សាលើស្ត្រី និងបច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា(ICT) ព្រមទាំងពិភាក្សាអំពីតួនាទីនិងយុទ្ធសាស្ត្ររបស់បណ្ដាញ /អង្គការស្ត្រីនិងកិច្ចសហការជាមួយរដ្ឋាភិបាល ក្នុងការចូលរួមអនុវត្តផែនការសកម្មភាពជាតិ ស្ដីពី ការទប់ស្កាត់អំពើហិង្សាលើស្ត្រី ដើម្បីសម្រេច គោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជា-គោលដៅ ៣ ស្ដីពីការលើកកម្ពស់សមភាពយេនឌ័រ និងការផ្ដល់អំណាចដល់ស្ត្រី។
អង្គការសហការរួមមាន អង្គការសន្តិភាព និងអភិវឌ្ឍន៍ (PyD) អង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា(CDP) គណៈកម្មាធិការលុបបំបាត់រាល់ទំរង់នៃការរើសអើងប្រឆាំងនារីភេទ(NGO- CEDAW) អង្គការប្រឆាំងអំពើហិង្សាក្នុងគ្រួសារ (PADV) អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា (LAC) អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ (CWCC) មណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) អង្គការបំលាស់ប្តូរជាវិជ្ជមានសម្រាប់កម្ពុជា (PCC) អង្គការសុខភាពផ្លូវចិត្តគ្មានព្រំដែន (PSF)សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)។
ចូលរួមក្នុងឱកាសនោះមាន តំណាងក្រសួងនិងអង្គការមិនមែនរដ្ឋាភិបាល តំណាងក្រុមហ៊ុនឯកជន និងភ្នាក់ងារផ្ដល់ជំនួយផ្សេងៗទៀត។
សូមលោកអ្នករងចាំតាមដានព័ត៌មានពិស្ដារអំពីកិច្ចប្រជុំនេះ ដែលយើងខ្ញុំនឹងធ្វើការផ្សព្វផ្សាយនៅពេលបន្តិចទៀតនេះ៕
ព័ត៌មានបន្ថែមសូមចូលទៅកាន់ http://women.open.org.kh/km/first-consultation-meeting-implementation-nappvw








