អង្គការវិទ្យាស្ថានបើកទូលាយត្រូវបានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ២០០៦ ដោយសមាជិកបួនរូប ដែលមានបំណងប្រាថ្នានិងការប្តេជ្ញាចិត្តចូលរួមក្នុងការអភិវឌ្ឍន៍សង្គមមួយ ប្រកបដោយយុត្តិធម៌និងប្រជាធិបតេយ្យ ដោយការសម្របសម្រួលនិង ជំរុញដល់ការប្រាស្រ័យទាក់ទងដោយបើកទូលាយក្នុងសង្គម តាមរយៈគ្រប់មធ្យោបាយនិងឧបករណ៍។ យើងខ្ញុំទទួលស្គាល់ថា ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងចលនាសង្គមនិងនយោបាយ ដោយមានសិទ្ធិក្នុងការបញ្ចេញមតិនិងសិទ្ធិ ក្នុងការទទួលបាននូវព័ត៌មាន ជាគ្រឹះចំបងសម្រាប់សង្គមមួយដែលមានយុត្តិធម៌និងប្រជាធិបតេយ្យ។ ជាមួយនឹងហេតុផលនេះ វិទ្យាស្ថានបើកទូលាយត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីផ្តល់នូវព័ត៌មាន ឧបករណ៍ និងចំណេះដឹង និងដើម្បីជំរុញដល់ការប្រាស្រ័យទាក់ទងក្នុងសង្គម ។ យុទ្ធសាស្ត្រសំខាន់ៗរបស់អង្គការរួមមាន ការផ្តល់ឧបករណ៍កុំព្យូទ័រជាភាសាខ្មែរ ការកសាងសមត្ថភាពដោយផ្តល់វគ្គបណ្តុះបណ្តាលកុំព្យូទ័រដោយឥតគិតថ្លៃនៅទូទាំងប្រទេស ផ្តល់បណ្តាញអេឡិចត្រូនិចសម្រាប់ការចែករំលែកព័ត៌មាននិងការពិភាក្សា និងរៀបចំការជួបជុំដោយផ្ទាល់ដើម្បីពិភាក្សាអំពីកង្វល់ក្នុងសង្គម ដែលរាប់បញ្ចូលទាំងការ
ពិភាក្សាលើប្រធានបទស្តីពីសមភាពយែនឌ័រ ។ វិទ្យាស្ថានបើកទូលាយ គឺជាអង្គការមិនមែនរដ្ឋាភិបាល មិនស្វែងរកប្រាក់ចំនេញ និងត្រូវបានចុះក្នុងបញ្ជីក្រសួងមហាផ្ទៃនាថ្ងៃទី១៥ ខែធ្នូរ ឆ្នាំ២០០៦។
ទស្សនៈវិស័យ
សង្គមកម្ពុជាមួយប្រកបដោយលក្ខណៈប្រជាធិបតេយ្យនិងយុត្តិធម៌ ដែលនៅក្នុងនោះប្រជាជនមានសិទ្ធិស្មើគ្នាក្នុងការចូលទៅកាន់មធ្យោបាយទំនាក់ទំនង និងលំហូរពត៌មានដោយសេរីដែលឆ្លុះបញ្ចាំងនូវរាល់ទស្សនៈនានា។ ប្រជាពលរដ្ឋចូលរួមក្នុងការចែករំលែកចំណេះដឹង ព្រមទាំងត្រូវបានលើកទឹកចិត្តក្នុងការបញ្ចេញមតិយោបល់ និងក្នុងការបង្កើតអោយមានដំណោះស្រាយរួមសំរាប់បញ្ហានានា ក្នុងបរិយាកាសនៃការពិភាក្សាដែលបើកទូលាយ។
បេសកកម្ម
បេសកកម្មរបស់អង្គការ "វិទ្យាស្ថានបើកទូលាយ" គឺសំរបសំរួលការទំនាក់ទំនងនិងការចែករំលែកចំណេះដឹង ដែលនាំទៅកាន់ការចូលរួមដ៏មានប្រសិទ្ធភាពក្នុងការអភិវឌ្ឍន៍សង្គមនិងនយោបាយ តាមរយៈការផ្តល់ឱកាស និងមធ្យាបាយដល់ប្រជាជនកម្ពុជា ដែលមានពង្សាវតានិងការទទួលខុសត្រូវផ្សេងៗពីគ្នាអោយ៖
- ទទួលបានពត៌មានអំពីស្ថានភាពសង្គមនិងនយោបាយនៅប្រទេសកម្ពុជា
- ចូលទៅកាន់ពត៌មាននិងចំណេះដឹងជាភាសាខ្មែរ តាមរយៈរាល់មធ្យោបាយទំនាក់ទំនង ដែលរួមមានឧបករណ៍បច្ចេកវិទ្យាគមនាគមន៍និងពត៌មានវិទ្យាជាភាសាខ្មែរ
- ចែករំលែកទស្សនៈវិស័យនិងពត៌មានជាមួយអ្នកដ៏ទៃ សហការគ្នាធ្វើការវិភាគនិងស្វែងរកដំណោះស្រាយសំរាប់បញ្ហានានា
គោលបំណង
គោលបំណងរបស់អង្គការ "វិទ្យាស្ថានបើកទូលាយ" គឺ៖
- ប្រមូលនិងចែកចាយ ពត៌មានសំខាន់ៗនិងអំពីសង្គមកម្ពុជា
- ផ្តល់នូវកម្មវិធីកុំព្យូទ័រ ប្រព័ន្ធគ្រប់គ្រងពត៌មាន សម្ភារៈសំរាប់បង្រៀន និងធនធានចំណេះដឹងចាំបាច់ ជាភាសាខ្មែរ ដែលធានាបានថាប្រជាជនខ្មែរអាចទទួលប្រយោជន៍ពេញលេញ ពីបច្ចេកវិទ្យា គមនាគមន៍និងពត៌មានវិទ្យា
- ជំរុញសមភាពយេនឌ័រ ដោយធ្វើយ៉ាងណាអោយស្ត្រីនិងបុរស អាចទទួលបានផលប្រយោជន៏ស្មើគ្នាក្នុងរាល់កម្មវិធី
- ជំរុញការគិតគូរដោយហ្មត់ចត់ និងបំបាត់ឧបសគ្គនៃការទំនាក់ទំនង តាមរយៈការប្រើប្រាស់សំណុំមធ្យោបាយទំនាក់ទំនងមួយ រួមមាន ខ្លឹមសារ ឧបករណ៍និងយុទ្ធសាស្ត្រ ដើម្បីសំរួលដល់ការទំនាក់ទំនងដោយបើកទូលាយ និងការដោះស្រាយបញ្ហាក្នុងសង្គម។
![]() |
![]() |











